នៅព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៣, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០” ជូនថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ អង្គភាពក្រោមឱវាទក្រសួង, អង្គភាពពាក់ព័ន្ធ និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំង ២៥ រាជធានី ខេត្ត សរុបចំនួន ២៥០ នាក់ ។
កម្មវិធីបិទនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ អង្គភាពក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន និង អង្គភាពពាក់ព័ន្ធ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០” ជា “ឯកសារយុទ្ធសាស្រ្តរយៈពេលវែង” ដែលត្រូវបានរៀបចំឡើង ប្រកបដោយទស្សនវិស័យវែងឆ្ងាយ សម្រាប់កសាងសមត្ថភាពក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យកាន់តែមានសមត្ថភាពពេញលេញក្នុងការបំពេញបេសកកម្ម សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តនៅឆ្នាំ ២០៣០ ខាងមុខ ក៏ដូចជាគោលដៅ “បន្តពង្រឹងសមត្ថភាព និង អភិបាលកិច្ចស្ថាប័នរដ្ឋ ដើម្បីធានាប្រសិទ្ធភាពនៃសេវាសាធារណៈ ដែលបម្រើប្រជាជនកាន់តែប្រសើរឡើង” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា ដើម្បីសម្រេច “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០” ទាមទារឱ្យមានការស្វែងយល់, ចូលរួមអនុវត្ត, តាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ពីថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំអង្គភាព, មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និង ភាគីពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងផ្តល់អនុសាសន៍ណែនាំអំពីការធានាដំណើរការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព, ពោល ទាមទារឱ្យថ្នាក់ដឹកនាំ, មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដក់ជាប់ក្នុងស្មារតី នៅគ្រប់ពេលបំពេញការងារ អំពីគុណតម្លៃស្ថាប័ន រួមមាន ក្រមសីលធម៌វិជ្ជាជីវៈ, ស្មារតីបុរេសកម្ម, នវានុវត្តន៍, ប្រតិតុល្យការ, គុណាធិបតេយ្យ និង ប្រសិទ្ធភាព រួមទាំងការធានាថា គ្រប់អង្គភាពត្រូវបំពេញការងារឱ្យបានល្អប្រសើរ នៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ផងដែរថា “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” នៅទីនេះ សំដៅលើការអនុវត្តការងារប្រកបដោយសហថាមពល, ពោល គឺមានសង្គតិភាព មានកិច្ចសហការជិតស្និទ្ធ, ការផ្តល់ព័ត៌មាន និង បំពេញឱ្យគ្នាទៅវិញទៅមក, ការទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មអនុវត្តគោលនយោបាយក្រសួង ដោយផ្សារភ្ជាប់ទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកប ដោយប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០៣០” នេះ ជាមគ្គទេសក៍បង្ហាញផ្លូវដ៏ល្អ ក្នុងដំណើរកសាងសមត្ថភាពស្ថាប័ននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ព្រមទាំងតម្រង់ទិសវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈយន្តការអន្តរក្រសួង-ស្ថាប័ននានា នាំមុខដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងការចូលរួមពីក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈ និង ភាគីពាក់ព័ន្ធ ៕